កំណែភាសាខ្មែរ

1

ពួក​ជំនុំ​អុក​តូ​ដុកបាន​បង្ហាញ​និង​សំដែង​អោយយើង​​ឃើញ​ពីរតនសម្បត្តិ​ខាង​វិញ្ញាណ​ដ៏សម្បូ​របែបរបស់​សាសនាគ្រីស្ទ​​លោក​ខាង​កើត។ យើង​ត្រូវ​ចង​ចាំ​ថា ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ​ត្រូវ​បាន​អធិ​ប្បាយ​ជា​លើក​ដំបូង ហើយ​សហ​គមន៍​គ្រីស្ទ​បរិ​ស័ទ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំ​បូងដែរ​ នៅ​លើ​ទឹក​ដីជុំ​វិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។ នៅ​តំបន់​ភាគ​ខាង​កើត​នៃ​ចក្រភព​រ៉ូម​នេះ​ឯង​ ដែល​ជំនឿ​រប​ស់​គ្រីស្ទ​បរិ​ស័ទមាន​ភាព​ចាស់​ទុំ​ក្នុ​ង​ការ​ប្រ​ឆាំង​តប​ជា​មួយ​សាសន៍​ដទៃ​និង​ពួក​ខុស​ឆ្គង។ ហើយ​ទី​នោះ​ហើយ​​ជា​កន្លែង​ដែល​​បុព្វបុរស​ពួក​ជំនុំ​ដើម​ បាន​រស់​នៅ​និង​ទទួល​ការ​បង្ហាត់​បង្រៀន។ ហើយ​នៅក្នុ​ងទី​ក្រុង​ភាគ​ខាង​កើត​​​នេះឯង​ ដែលមូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​​​របស់​យើង ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ក្នុ​ងក្រុម​ប្រឹក្សាក្រុម​ជំនុំ​ទូទៅ​ទាំង​៧។ ​

វិញ្ញាណ​នៃ​សាសនា​គ្រីស្ទដែល​បាន​រីក​ធំ​ធាត់​នៅ​ក្នុងតំបន់​​ភាគ​ខាង​កើត​ មាន​លក្ខណៈ​ពិសេស​មួយ។ លក្ខណៈ​របស់​វា​ខុស​ប្លែកពី​គេ ទោះ​បី​មិន​មាន​ការ​ប្រ​ឆាំង​ខ្លាំង ​ជា​មួយ​និង​ការ​អភិ​វឌ្ឍន៍​ នៅ​ក្នុង​តំបន់​ភាគ​ខាង​លិចនៃ​ចក្រ​ភព​រ៉ូម ជា​ពិសេសអា​ណា​ចក្រ​មជ្ឈឹម​សម័យ​ភាគ​ខាង​លិចក៏​ដោយ។ ​ខណៈ​ពេល​ដែល​សាសនា​គ្រីស្ទនៅ​ភាគ​ខាង​លិច​បាន​អភិ​វឌ្ឍន៍នៅក្នុង​ទឹក​ដី ដែល​ត្រូវ​​បាន​គេ​ស្គាល់​ជាផ្លូវ​ការ​និង​បែប​ទស្សនៈ​វិជ្ជាថា​ជាចក្រ​ភព​រ៉ូម​សម័យ​បុរាណ សាសនា​គ្រីស្ទ​ភាគ​ខាង​កើត​ក៏បាន​អភិវឌ្ឍន៍នៅ​ក្នុង​ទឹក​ដីនៃ​វប្បធម៌​របស់​ពួក​សាសន៍​សេ​មីត​និង​ហេលេន។ ហើយខណៈ​ដែល​ភាគ​ខាង​លិច​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​សេចក្តី​ស្រឡាញ់របស់​ព្រះ​គ្រីស្ទ​និង​អំពើ​បាប​រ​បស់មនុស្ស នោះ​ពួក​អ្នក​ភាគ​ខាង​កើតបែរ​ទៅ​ចាប់​អារម្មណ៍ជា​មួយ​និង​ការ​រស់​ពី​សុគតឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ និង​ភាព​ជា​ព្រះ​របស់​មនុស្ស។ ម្យ៉ាង​ទៀត ខណៈ​ដែល​ភាគ​ខាង​លិចមាន​ទំនោរ​ទៅ​រក​ទស្សនៈសាសនា​បែប​អ្នក​ក្រិត្យ​វិន័យ​និយម ពួក​ខាង​កើត​បាន​គាំ​ទ្រទេវសាស្រ្ត​អាថ៌​កំបាំង​និយមកាន់​តែ​ច្រើន​ឡើងៗ។ ដោយ​ហេតុ​ថា​ពួក​ជំនុំ​ដំបូង​មិន​បាន​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​តែមួយ នោះ​ប្រ​ពៃ​ណី​ដ៏​ធំ២ បាន​ស្ថិត​នៅ​រាប់​ពាន់​ឆ្នាំ​ជា​មួយ​គ្នា រហូត​ដល់​គ្រា​ធម្ម​ភេទ​ដ៏​ធំ​មួយ​បាន​ធ្វើ​កា​របែង​ចែក​ពួក​ជំនុំ។ បច្ចុប្បន្ន​នេះ ពួករ៉ូម៉ាំង​កាតូលិក និង​ពួក​ប្រូតេស្តង់គឺ​ជា​កេរ្តិ៍​មរតក​របស់​ប្រ​ពៃណី​ពួក​ខាង​លិច ទន្ទឹម​គ្នា​និង​ពួក​អុក​តូដុក​គឹ​ជា​កេរ្តិ៍​មរតក​របស់​ប្រ​ពៃណី​ពួក​លោក​ខាង​កើតវិញ។​

ពួក​គ្រីស្ទ​បរិ​ស័ទ​នៃ​ពួក​ជំនុំ​ភាគ​ខាង​កើត​ បាន​ហៅ​ខ្លួន​ឯង​ថា​ជា​ពួក​អុក​តូ​ដុក។ ការ​ពណ៌​នា​នេះ​បាន​មក​ដល់​យើង​ចាប់​ពី​សតវត្ស​ទី៥ និង​មាន​អត្ថន័យ​២​យ៉ាងដែល​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និត។ អត្ថ​ន័យ​ទី១​គឺ “សេចក្តី​បង្រៀន​ពិត”។ ពួក​ជំនុំ​អុក​តូ​ដុក​ជឿ​ថា ខ្លួន​បាន​​រក្សានិង​បាន​បង្រៀន​ពី​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ ដែល​គ្មាន​កំហុស​ឆ្គង និង​មិន​មាន​ការ​បន្លំ​អត្ថ​ន័យ​អ្វីទាំង​អស់ ចាប់​តាំង​ពី​គ្រា​របស់ពួក​សាវក​មក។ អត្ថន័យ​ទី២ ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​គឺ “ការ​សរសើរ​ដ៏​ពិត”។ ការ​ថ្វាយ​ព្រះ​ពរ ថ្វាយ​ការ​សរសើរ​ និង​ថ្វាយ​សិ​រី​ល្អ​ដល់​ព្រះដ៏​ជា​ព្រះ​វរ​បិតា ​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ​គឺ​ជា​គោល​បំណងចំបងរបស់​ពួក​ជំនុំ។ រាល់​សកម្ម​ភាពទាំង​អស់​​របស់ពួក​ជំនុំ​ រាប់​តាំង​​ពី ក្បួន​ច្បាប់​នៃ​គោល​លទ្ធិផង គឺ​សុទ្ធ​តែដើម្បី​សម្រេច​​គោល​បំណង​នេះ។​

ពួក​ជំនុំ​អុក​តូ​ដុក គឺ​ជាសហ​ពន្ធ័​អន្តរ​ជាតិ​នៃ​ពួក​​​ជំនុំ​ស្វ័យ​ប្រ​វត្តិ។ ពួក​ជំនុំ​នីមួយៗ​ឈរ​ដោយ​ឯក​រាជ្យក្នុង​ការ​រៀប​ចំ​ផ្ទៃ​ក្នុង​​របស់​ខ្លួន ព្រម​ទាំង​ដើរ​តាមទំនៀម​ទំ​លាប់​ផ្ទាល់​ខ្លួន​​ផង​ដែរ។ តែ​គ្រាន់​តែ​ថា​គ្រប់​ពួក​ជំនុំ​ទាំង​អស់​ត្រូវ​បាន​រួប​រួម​គ្នានៅ​ក្នុ​ងសេចក្តី​ជំនឿ និង​របៀប​រៀប​រយ​តែ​មួយដូច​គ្នា។ ពួក​ជំនុំ​អុក​តូ​ដុក​ទទួល​ស្គាល់​ថា ការ​រួបរួម​គ្នា​ មិន​មែនជា​ភាព​ដូច​គ្នា​នោះ​ទេ។ នៅ​ក្នុ​ងប្រ​វត្តិ​សាស្រ្ត មាន​ពួក​ជំនុំ​ខ្លះ​ជា​អ្នក​មាន​ តួ​យ៉ាង​ដូច​ជា​ពួក​ជំនុំ​ ព្ធ​យុ​កោបុរាណ​ទាំង៤ (យេរូ​សា​ឡិម អាន់​ទី​យ៉ូក ​អ័លេ​ក្សាន​ទ្រា និង​ខុនស្តាន់​ទីណូ​ផល) ខណៈ​ដែល​ពួក​ជំនុំ​ដទៃ​ទៀត​ គ្រាន់តែ​ជា​ពួក​ជំនុំ​ថ្មី​ថ្មោងប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជាពួក​ជំនុំ​ហ្វីន​លែន​ជា​ដើម។ មាន​ពួក​ជំនុំ​ខ្លះទៀត​ធំ ដូច​ជា​ពួក​ជំនុំ​រុស្ស៊ី ហើយ​ក៏​មាន​ពួក​ជំនុំ​ខ្លះ​ទៀតតូច ផង​ដែរ ដូច​ជា​​ពួក​ជំនុំ​ស៊ីណាយ​ជា​ដើម​ ដែល​ដឹក​នាំ​ដោយ​សង្ឃនៃ​ពួក​អភិបាល​មួយ​នាក់។ ប្រ​មុខ​លើ​ពួក​សង្ឃ​ត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា​ពួក​ព្ធ​យុ​កោ គណៈអ​ភិ​បាល មេត្រូ​ប៉ូ​លីតាន់ ឬកាតូលិក​កូស​។ នៅ​ក្នុ​ងប្រ​វត្តិ​សាស្រ្ត សមា​ជិក​របស់​ពួក​ជំនុំ​ស្វ័យ​ប្រ​វត្តិមាន​ភាពខុស​​ៗ​គ្នា។ សព្វ​ថ្ងៃ​មាន​ពួក​ជំនុំ​ដើម​យេ​រូ​សា​ឡិម ពួក​ជំនុំ​ខុន​ស្តាន់​ទី​ណូ​ផល (ដែល​មាន​កា​រិយា​ល័យ​ធំ​នៅ​ក្នុង​តំបន់​អ៊ី​ស្តែន​ប៊ូល ប្រទេស​ទួកគី) ពួក​ជំនុំ​អ័លេ​ក្សាន​ទ្រា (ដែល​មាន​ការិយា​ល័យ​ធំ​នៅ​ក្រុង​អ័លេ​ក្សានទ្រា ប្រទេស​អេស្ស៊ីប) ពួក​ជំនុំ​អាន់​ទី​យ៉ូក (មាន​ការិយា​ល័យ​ធំ​នៅ​ក្រុង​ដា​ម៉ាស់ ប្រទេស​ស៊ី​រ៊ី) និង​ពួក​ជំនុំ​រូ​ស្ស៊ី សេបៀ រ៉ូ​ម៉ា​នៀ ប៊ូល​កា​រី ចចចៀ ស៊ី​ព្រុស ក្រិក ប៉ូឡូញ អាល់​បា​នៀ និង​អា​មេរិក​ជា​ដើម។ ក៏​មាន​ពួក​ជំនុំ​ជាតិ ​ជា​ច្រើន​ផង​ដែរ​ដូច​ជា រូ​ស្ស៊ី រ៉ូ​ម៉ា​នៀ សេ​បៀ ។ល។ មាន​សហគមន៍​នៅ​ក្នុង​ប្រ​ទេស​ ដែល​មិន​មែន​ជាអុក​តូ​ដុកនៅ​ជុំ​វិញ​ពិភព​លោក ដែលជា​ផ្នែក​នៃ​បេសកកម្មរបស់​ពួក​គេៈ ដូច​ជា​នៅ​ក្នុង​ទ្វីប​អឺ​រ៉ុប អា​ស៊ី​ អា​មេរិក​និង​អូស្ត្រា​លី។

ពួក​ជំនុំ​អុក​តូ​ដុកមាន​ភាព​ល្បី​ល្បាញ​នៅ​ត្រង់ការ​រីក​ចំរើន​នៃ​ពួក​បព្វ​ជិត​របស់​ខ្លួន។ ប្រ​ពៃ​ណីបព្វ​ជិតដែល​មិន​អាច​មាន​​ការ​រំ​ខាន មាន​ចាប់​តាំង​ពីវាល​រហោ​ស្ថានស្រុក​អេ​ស្ស៊ីបនា​សត​វត្ស​ទី៣​និង​ទី៤​មក​ម្លេះ។ មិន​យូ​រ​ប៉ុន្មាន ពួក​បព្វ​ជិត​បាន​រីក​រាល​ដាល​នៅពេញ​ពាសអាងសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​និង​នៅ​ទ្វីប​អឺរ៉ុបៈ ដូច​ជា​នៅ​ក្នុ​ងប្រទេស​ភី​លី​ស្ទីន ស៊ីរី កា​ប៉ា​ដូ​សៀ ហ្គូល អៀក​ឡង់ អ៊ី​តា​លី ក្រិក និង​បណ្តា​ប្រ​ទេស​ស្លា​វីក។ បព្វ​ជិត​និយម​គឺ​ជា​មនោ​គមន៍​វិជ្ជា​របស់ពួក​អុក​តូ​ដុក ហើយ​បាន​បន្ត​ដើម្បី​ធ្វើ​អោយ​មាន​​ឥទ្ធិ​ពលកាន់​តែ​ខ្លាំង​និង​​យូរ​អង្វែងខាង​វិញ្ញាណ​របស់​ពួក​អុក​តូ​ដុក។​

ពួក​ជំនុំ​អុក​តូ​ដុក​សព្វ​ថ្ងៃ គឺ​ជា​រតន​សម្បត្តិដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៃ​ប្រ​ពៃ​ណីក្បួន​សាសនា​ដ៏​សំបូរ​បែបដែល​បាន​បន្ត​តាំង​ពីសតវត្ស​ដំបូង​នៃ​សាសនា​គ្រីស្ទ​។ ខ្លឺម​សារ​នៃ​ពិសិដ្ឋ​ភាព សោភ័ណ​ភាព និង​ភាព​ថ្លៃ​ថ្នូរនៃ​ការ​ថ្វាយ​បង្គំព្រះ​របស់ពួក​អុក​តូ​ដុក ធ្វើ​អោយ​វត្ត​មាន​នៃ​នគរ​ស្ថាន​សួគ៌​នៅ​លើ​ផែន​ដីមាន​ភាព​រស់​រវើក និង​សារៈ​សំខាន់​បំផុត។ សិល្បៈ​និង​ដូរ្យ​តន្ត្រី​របស់​ពួក​ជំនុំ​អុក​តូ​ដុក មាន​មុខ​ងារ​សំ​ខាន់​នៅ​ក្នុ​ងជីវិតថ្វាយ​បង្គំ ហើយ​ថែម​ទាំង​អាច​ជួយ​រាង​កាយអោយ​មាន​អារម្មណ៍ពី​ភាព​ថ្លៃ​ថ្នូរខាង​វិញ្ញាណនៃ​អាថ៌​កំ​បាំង​របស់​ព្រះ​ជា​ម្ចាស់ទៀត​ផង។ រូបតំណាងអុក​តូ​ដុក​ មិនគ្រាន់តែជាស្នាដៃសិល្បៈដ៏ស្រស់ស្អាត ដែលមានមុខងារសោភ័ណភាពនិងសកម្មភាពពិតប្រាកដ​ប៉ុណ្ណោះនោះទេ។ តែ​វា​គឺ​ជា​មធ្យោ​បាយ​ដ៏​សំខាន់​ ក្នុ​ងការ​​ធ្វើ​អោយ​យើង​មាន​បទ​ពិ​សោធន៍ពី​ភាព​ពិត​នៃ​នគរ​ព្រះ​នៅ​លើ​ផែន​ដីនេះ។ រូប​តំណាង​ដ៏បរិ​សុទ្ធបាន​បង្កប់​នូវ​អាថ៌​កំ​បាំងដ៏​ជ្រាល​ជ្រៅ​មិន​អាច​វាស់​វែង​បាន នៃ​ការ​មក​យក​និស្ស័យ​ជា​មនុស្ស​របស់​ព្រះ​គ្រីស្ទនៅ​ក្នុ​ងការ​មើល​ថែ​ ការពារ ដែល​ក្នុ​ងនោះ​ពួក​ទុក្ករ​បុគ្គល​រាប់​ពាន់​អ្នក​បាន​លះ​បង់​អាយុ​ជីវិត​របស់​ពួក​គេ។

គោល​បំណង​របស់​សាសនាអុក​តូ​ដុកគឺ​សេចក្តី​សង្គ្រោះរបស់​មនុស្ស​ម្នាក់​ៗ ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនងរបស់​យើង​ទៅ​និង​ព្រះ​គ្រីស្ទ​នៅ​ក្នុ​ងពួក​ជំនុំ ផ្លាស់​ប្រែ​យើង​អោយ​រស់​នៅ​ក្នុ​ងភាព​បរិ​សុទ្ធ និង​ផ្តល់​អោយ​យើង​នូវ​ជីវិត​អស់​កល្ប​ជា​និច្ច។ នេះ​គឺ​ជា​ដំណឹង​ល្អ គឺ​ដំណឹង​ល្អ​ដែល​ថា​ព្រះ​គ្រីស្ទ​គឹ​ជា​ព្រះ​មេស៊ី ទ្រង់​បាន​រស់​ពី​សុគត​ឡើង​វិញ ហើយ​ជា​លទ្ធ​ផល យើង​អាច​ទទួល​បាន​សេចក្តី​សង្គ្រោះ​។